សារព័ត៌មានរដ្ឋចិន ស៊ិនហួ (Xinhua) បានចុះផ្សាយដោយដកស្រង់ព័ត៌មានពីគេហទំព័រក្រសួងការពារជាតិចិនថា ប្រទេសចិននឹងបញ្ជូនយន្តហោះយោធាជាច្រើនប្រភេទ និងកងទ័ពការពារដែនអាកាសមកកាន់ប្រទេសថៃ ដើម្បីចូលរួមធ្វើសមយុទ្ធហ្វឹកហ្វឺនទ័ពអាកាសរួមគ្នា។
ប៉ុន្តែភាគីចិននិងថៃមិនទាន់បញ្ជាក់ថ្ងៃពិតប្រាកដ ចំពោះការធ្វើសមយុទ្ធនៅចុងខែកញ្ញានេះនៅឡើយទេ។.
ក្រសួងការពារជាតិចិនក៏បញ្ជាក់ថា សមយុទ្ធយោធារួមគ្នានេះ ដើម្បីពង្រឹងជំនាញបច្ចេកទេសនិងយុទ្ធសាស្ដ្រនៃកងទ័ពដែលចូលរួមហ្វឹកហ្វឺន និងដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៃវិស័យយោធាប្រទេសទាំងពីរ។
ចិននិងថៃបានចាប់ផ្ដើមធ្វើសមយុទ្ធដែនអាកាសប្រចាំឆ្នាំតាំងពីឆ្នាំ២០១៥ នៅឯមូលដ្ឋានទ័ពអាកាសរបស់ថៃ ស្ថិតនៅខេត្តឧដនថានី (Udon Thani) ភាគឦសាននៃប្រទេស។ ប៉ុន្តែការធ្វើសមយុទ្ធដែនអាកាសនៅឆ្នាំ២០២៥នេះ បានធ្វើឡើងចំពេលថៃកំពុងមានជម្លោះព្រំដែនដ៏តានតឹងជាមួយកម្ពុជា ដែលជាមិត្តដែកថែបរបស់ចិន។
ជុំវិញបញ្ហានេះ អ្នកតាមដានបញ្ហាសង្គមនិងនយោបាយលោក ប៉ោ មករា បានលើកឡើងថា សមយុទ្ធដែនអាកាសរវាងចិន-ថៃនេះ អាចជាសមយុទ្ធជាប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងអាចបង្កប់របៀបវារៈនយោបាយរបស់ប្រទេសថៃផង។
បើយើងងាកមកមើលក្នុងរបៀបវារៈនយោបាយវិញ យើងឃើញថា ថៃកំពុងស្វែងរកការគាំទ្រផ្នែកការទូតទៅលើឆាកអន្តរជាតិដែរ ជាពិសេសគឺបណ្ដាប្រទេសដែលជាមហាអំណាច ដូចជាចិន និងសហរដ្ឋអាមេរិក។ ព្រោះមួយរយៈចុងក្រោយនេះ យើងឃើញថា ចាប់តាំងពីមានជម្លោះព្រំដែនជាមួយកម្ពុជាមក នយោបាយការទូតរបស់ថៃ ហាក់បីដូចជាធ្លាក់ចុះជាមួយបណ្ដាប្រទេសផ្សេងៗ ជាពិសេសជាមួយបណ្ដាប្រទេសមហាអំណាច។
— លោក ប៉ោ មករា
នៅក្នុងសង្គ្រាមរយៈពេល៥ថ្ងៃជាមួយកម្ពុជា គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា កងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង Gripen រួមទាំងដ្រូន បើកការវាយប្រហារឈ្លានពានលើកម្ពុជា បណ្ដាលឱ្យស្លាប់ទាំងទាហាននិងជនស៊ីវិល រួមទាំងបំផ្លាញផ្ទះសម្បែង វត្តអារាម និងប៉ះពាល់ប្រាសាទព្រះវិហារជាដើម។
អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានមើលឃើញថា ការបន្តធ្វើសមយុទ្ធទ័ពអាកាសចិន-ថៃ បានបង្ហាញថា ចិនមិនបានចាត់ទុកកម្ពុជាជាមិត្តដែកថែប និងមានទំនាក់ទំនងជាត្បូងពេជ្រ ដូចកម្ពុជាបានចាត់ទុកចិននោះទេ។ លោកបានបន្តថា ចិនគ្រាន់តែយកកម្ពុជាជាឧបករណ៍ប្រើប្រាស់ឱ្យគាំទ្រចិននៅឆាកអន្តរជាតិ ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូងប៉ុណ្ណោះ។
មានន័យថា ចិនគ្រាន់តែទុកកម្ពុជាជាកូនជឹងរបស់ខ្លួន ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ពង្រីកអំណាចរបស់ខ្លួននៅលើឆាកអន្តរជាតិ ហើយនិងដើម្បីជួយការពារចិនក្នុងទំនាស់ភូមិសាស្ដ្រនយោបាយ ហើយដើម្បីឱ្យកម្ពុជាជួយជំទាស់ចំពោះសមាជិកអាស៊ានណា ដែលចង់ប្រឆាំងចិន ដែលប្រទេសជាសមាជិកអាស៊ានហ្នឹង មានទំនាស់ជាមួយចិននៅសមុទ្រចិនខាងត្បូង។
— លោក អ៊ុំ សំអាន
កាលពីខែឧសភា ចិន-កម្ពុជាបានធ្វើសមយុទ្ធនាគមាសប្រចាំឆ្នាំលើកទី០៧ ទាំងជើងគោក ជើងទឹក និងជើងអាកាស ប៉ុន្តែផ្ដោតតែទៅលើការប្រឆាំងភេរវកម្ម និងការងារជួយសង្គ្រោះមនុស្សធម៌។ សហរដ្ឋអាមេរិកបានមើលឃើញថា ចិនព្យាយាមពង្រឹងទំនាក់ទំនងយោធាជាមួយកម្ពុជា ដើម្បីពង្រីកវត្តមានយោធារបស់ខ្លួននៅលើទឹកដីកម្ពុជា ដែលអាចគំរាមកំហែងដល់សន្ដិសុខនិងសន្ដិភាពនៅក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។