មន្ត្រីបក្សប្រឆាំងថា ទាហានថៃនឹងងាយស្រួលចូលឈ្លានពាន បើកម្ពុជាឯកភាពដោះមីននៅតំបន់ជម្លោះ

មន្ត្រីបក្សប្រឆាំងបានលើកឡើងថា ទាហានថៃនឹងកាន់តែងាយស្រួលចូលឈ្លានពានទឹកដីកម្ពុជា ជាពិសេសនៅប្រាសាទតាក្របី ប្រសិនបើរដ្ឋាភិបាលកម្ពុជាបានឯកភាពជាមួយថៃ ដោះមីននៅតំបន់ព្រំដែនជម្លោះដែលមិនទាន់ឯកភាពគ្នា។ ការលើកឡើងនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាប្រកាសថា កម្ពុជា-ថៃ បានឯកភាពគ្នាដោះមីនមនុស្សធម៌។

អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា​ថា ប្រសិនបើ​កម្ពុជា​បាន​ឯកភាព​ជាមួយ​ថៃ ដោះមីន​នៅ​តាម​តំបន់​ព្រំដែន​ដែល​មិន​ទាន់​មាន​ការ​វាស់វែង​និង​ឯកភាព​គ្នា ដូច្នេះ​ការ​ដោះ​មីន​ខាង​មុខ​នេះ នឹង​ជួយ​ឱ្យ​ទាហាន​ថៃ​កាន់​តែ​ងាយស្រួល​ចូល​រាយ​បន្លា​លួស​រំលោភ​យក​ដី​ខ្មែរ​បន្ថែម​ទៀត ជាពិសេស​នៅ​តំបន់​ប្រាសាទ​តាក្របី ដែល​ទាហាន​កំពុង​ព្យាយាម​ចូល​កាន់កាប់។

ពីព្រោះ តំបន់​ខ្លះ ថៃ​អត់​ហ៊ាន​ចូល​មក ដោយសារ​មាន​មីន ហើយ​សូម្បី​ប្រាសាទ​តាក្របី​ហ្នឹង មេទ័ព​ថៃ​ក៏​សារភាព​ដែរ​ថា នៅ​ពេល​បាញ់​គ្នា​ហ្នឹង គឺ​មិន​អាច​យក​ប្រាសាទ​តាក្របី​បាន ដោយសារ​មាន​មីន​ច្រើន​ពេក ហើយ​មីន​ហ្នឹង គឺ​សល់​ពី​សម័យ​សង្គ្រាម​នា​ទស្សវត្ស​ទី​៨០។

—  លោក អ៊ុំ សំអាន

ការ​លើកឡើង​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​បរទេស​​មួយ​ចំនួន​នៅ​កម្ពុជា រួមមាន​ស្ថានទូត​អង់គ្លេស និង​ស្ថានទូត​បារាំង​ជាដើម បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​ភាគី​កម្ពុជា​និង​ថៃ ដែល​រួម​គ្នា​ដោះ​មីន​នៅ​តាម​ព្រំដែន។

ការ​ស្វាគមន៍​របស់​ស្ថានទូត​បរទេស​ទាំង​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក ទៀ សីហា បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​លើក​ទី១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាល​ពី​ថ្ងៃ​ទី១០ ខែកញ្ញា ភាគី​កម្ពុជា-ថៃ បាន​ឯកភាព​ចាប់​ផ្ដើម​កំណត់​តំបន់​សាកល្បង​សម្រាប់​ការងារ​ដោះ​មីន​នៅ​តាម​ព្រំដែន ដើម្បី​រួម​ចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម រួមទាំង​ការពារ​អាយុ​ជីវិត​ពលរដ្ឋ។ ប៉ុន្តែ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​មិន​បាន​បញ្ជាក់​ថា ការ​ដោះ​មីន​សាកល្បង​នោះ នឹង​ធ្វើ​ឡើង​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​ឬ​យ៉ាង​ណា​នោះ​ទេ។

អនុប្រធាន​ទី១​អាជ្ញាធរ​មីន​លោក លី ធុជ បាន​ប្រាប់​ប្រធាន​គណៈប្រតិភូ​សហភាព​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា​លោក អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) នៅ​ក្នុង​ជំនួប​នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា​ថា ការ​បោស​សម្អាត​មីន​មនុស្ស​ធម៌​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅ​តែ​បន្ត​សកម្មភាព​ជា​ប្រចាំ​ស្រប​តាម​កម្មវិធី​បាន​កំណត់ និង​ស្របតាម​គោលដៅ​ជា​អាទិភាព ក្រោម​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក លី ធុជ បាន​បន្ត​ថា ការ​ដោះ​សម្អាត​មីន គឺ​ត្រូវ​ផ្តោត​សំខាន់​ជា​អាទិភាព​លើ​តំបន់​មាន​ការ​ខណ្ឌ​សីមា​ច្បាស់លាស់ ទីកន្លែង​ដែល​មាន​ប្រជាជន​រស់​នៅ និង​ទី​កន្លែង​បម្រើ​ដល់​សេដ្ឋកិច្ច​សង្គម។

ទោះជាយ៉ាងណា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស​បារាំង លោក ទេព មនោរម្យ បាន​យល់​ឃើញ​ថា ប្រទេស​ថៃ​មិន​បាន​ដាក់​មីន​នៅ​ព្រំដែន​របស់​ខ្លួន​នោះ​ទេ ព្រោះ​ថៃ​គ្មាន​សង្គ្រាម មាន​តែ​កម្ពុជា​ទេ ដាក់​មីន​នៅ​ព្រំដែន​តាំង​ពី​ជំនាន់​សង្គ្រាម។ លោក​រិះគន់​ថា កម្ពុជា​ព្រមព្រៀង​ដោះ​មីន​ជា​នយោបាយ​ទន់ជ្រាយ​ធ្វើ​តាម​ការ​ចង់​បាន​របស់​យោធា​ថៃ។

បើ​យើង​ធ្វើ​ទៅ​តាម​ដែល​គេ (ថៃ) ចង់​បាន គឺ​យើង​ទន់​ខ្សោយ​មែន​ទែន ដើម្បី​តែ​ចង់​បាន​ការ​បើក​ច្រក​ព្រំដែន ដើម្បី​ចង់​បាន​ការ​សម្របសម្រួល​គ្នា​ជាមួយ​ថៃ យើង​ព្រម​ដោះមីន​ឱ្យ​គេ អាហ្នឹង​គឺ​យើង​ចាញ់​ប្រៀប​គេ​ខ្លាំង​ណាស់។

—  លោក ទេព មនោរម្យ

ចាប់​តាំង​ពី​មាន​ភាព​តានតឹង​ជម្លោះ​ព្រំដែន ទាហាន​ថៃ​បាន​ដើរ​ជាន់​មីន​ផ្ទុះ​យ៉ាង​ហោចណាស់​ចំនួន​៦លើក ហើយ​ករណី​ដើរ​ជាន់​មីន​ផ្ទុះ​ចុង​ក្រោយ​គឺ​នៅ​ថ្ងៃ​ទី២៧ ខែកញ្ញា ស្ថិត​នៅ​តំបន់​ប្រាសាទ​តាក្របី។ ក្រសួង​ការ​បរទេស​កម្ពុជា និង​អាជ្ញាធរ​មីន​កម្ពុជា​បាន​ចេញ​លិខិត​ច្រានចោល​ការ​ចោទ​ប្រកាន់​ពី​ភាគី​ថៃ​ជា​បន្តបន្ទាប់ ដែល​ថា កងទ័ព​កម្ពុជា​បាន​ដាក់​មីន​ថ្មី។ ក្រសួង​ការបរទេស និង​អាជ្ញាធរ​មីន​កម្ពុជា​បាន​បញ្ជាក់​ថា មីន​នោះ​សល់​ពី​សម័យ​សង្គ្រាម និង​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​បាន​ជំរុញ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​យក​បញ្ហា​មីន​ធ្វើ​ជា​លេស ដើម្បី​ប្រើ​កម្លាំង​យោធា​ឈ្លានពាន​ទឹក​ដី​កម្ពុជា។

នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា​ ទាហាន​ថៃ​ប្រហែល​៣០​នាក់ រួម​ទាំង​កម្លាំង​ប៉ូលិស​ថៃ​ប្រដាប់​ដោយ​ខែល​បាន​ចូល​មក​ព្យាយាម​រាយ​បន្លា​លួស​ថែម​នៅ​ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​លើក​គ្នា​តវ៉ា​រារាំង​ឱ្យ​ដក​ថយ​ទៅ​វិញ។ នៅ​ថ្ងៃ​ដដែល​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ក៏​បាន​ចេញ​មក​ច្រានចោល​ការ​លើកឡើង​ពី​កងទ័ព​ថៃ ដែល​អះអាង​ថា លំនៅឋាន​ពលរដ្ឋ​ខ្មែរ​ជា​យូរ​មក​ហើយ នៅ​ភូមិ​ឯកភាព ឃុំ​ថ្ម​ដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។